Posted by: Dhammañāṇa
« on: December 18, 2022, 02:10:23 PM »Translation into Khmer on the two kinds of drinks (first all time, second 8 when sick), and that they are not to be stored (needed to beobtained at the very day):
Namo tassa bhagavato arahato sammā-sambuddhassa
[៤៣] ភិក្ខុបានបាយក្តី ទឹកក្តី បង្អែមក្តី សំពត់ក្តី មិនគប្បីធ្វើនូវការសន្សំទុកទេ មួយទៀត កាលបើមិនបានវត្ថុទាំងនោះ ក៏មិនគប្បីតក់ស្លុតឡើយ។
[៤៤] អធិប្បាយពាក្យថា បាយក្តី ទឹកក្តី បង្អែមក្តី សំពត់ក្តី ត្រង់ពាក្យថា បាយ គឺបាយ នំ សដូវ ត្រី សាច់។ ពាក្យថា ទឹក គឺទឹក ៨ យ៉ាង គឺ ទឹកស្វាយ ទឹកព្រីង ទឹកចេកមានគ្រាប់ ទឹកចេកឥតគ្រាប់ ទឹកស្រគំ ទឹកចន្ទ ទឹកក្រអៅឈូក ទឹកមាក់ប្រាង។ ទឹក ៨ យ៉ាងដទៃទៀត គឺទឹកសង្ឃ័រ ទឹកពទ្រាតូច ទឹកពទ្រាធំ ទឹកដោះថ្លា ទឹកគឺប្រេង ទឹកបបរ ទឹកដោះស្រស់ ទឹករស (ស្លឹកឈើ ជាដើម)។ ពាក្យថា បង្អែម គឺបង្អែមដែលធ្វើអំពីម្សៅ បង្អែមនំ បង្អែមមើមឈើ បង្អែមសម្បកឈើ បង្អែមស្លឹកឈើ បង្អែមផ្កាឈើ បង្អែមផ្លែឈើ។ ពាក្យថា សំពត់ បានដល់សំពត់ ៦ យ៉ាង គឺសំពត់សម្បកឈើ ១ សំពត់អម្បោះ ១ សំពត់សូត្រ ១ សំពត់រោមសត្វ ១ សំពត់សម្បកធ្មៃ ១ សំពត់ដែលធ្វើដោយវត្ថុទាំងនោះលាយចម្រុះគ្នា ១ ហេតុនោះ (ទ្រង់ត្រាស់ថា) បាយក្តី ទឹកក្តី បង្អែមក្តី សំពត់ក្តី។
[៤៥] អធិប្បាយពាក្យថា បានហើយ មិនគប្បីធ្វើនូវការសន្សំទុកទេ ត្រង់ពាក្យថា បាន គឺបាន បានហើយ យកមកហើយ បានស៊ប់ហើយ បានចំពោះហើយ មិនមែន (បាន) ដោយការកុហក គឺញុំាងសត្វលោកឲ្យភាន់ភាំង មិនមែនដោយការពោលពាក្យរាក់ទាក់ មិនមែនដោយការធ្វើនិមិត្ត គឺពោលបញ្ឆិតបញ្ឆៀង មិនមែនដោយការកិនកំទេចនូវគុណគេ មិនមែនដោយការស្វែងរកលាភដោយលាភ មិនមែនដោយការឲ្យឈើ មិនមែនដោយការឲ្យឫស្សី មិនមែនដោយការឲ្យស្លឹកឈើ មិនមែនដោយការឲ្យផ្កាឈើ មិនមែនដោយការឲ្យផ្លែឈើ មិនមែនដោយការឲ្យលំអិតសម្រាប់ងូត មិនមែនដោយការឲ្យលំអិតសម្រាប់លាប មិនមែនដោយការឲ្យដីស្អិត មិនមែនដោយការឲ្យឈើស្ទន់ មិនមែនដោយការឲ្យទឹកសម្រាប់លប់មុខ មិនមែនដោយការពោលលើកតម្កើងអ្នកដទៃ មិនមែនដោយការពោលពាក្យមិនពិត ដូចសម្លសណ្តែកបាយ មិនមែនដោយការថ្នាក់ថ្នម (នូវកូនត្រកូល) មិនមែនដោយការចូលទៅអង្គុយលើតាំងក្នុងផ្ទះយ៉ាងរហ័ស មិនមែនដោយវត្ថុវិជ្ជា (ការចេះទាយនូវទីភូមិស្ថាន) មិនមែនដោយតិរច្ឆានវិជ្ជា មិនមែនដោយអង្គវិជ្ជា (ការចេះទាយអវយវៈ) មិនមែនដោយនក្ខត្តវិជ្ជា (ការចេះទាយនក្ខត្តឫក្ស) មិនមែនដោយការទៅធ្វើខ្លួនជាទូត មិនមែនដោយការទៅធ្វើខ្លួនជាអ្នកនាំដំណឹងដែលគេផ្តាំ មិនមែនដោយការធ្វើជាអ្នកបំរើគេដោយស្មង មិនមែនដោយវេជ្ជកម្ម មិនមែនដោយនវកម្ម មិនមែនដោយការឲ្យដុំបាយដោយដុំបាយ មិនមែនដោយការឲ្យទៅឲ្យមក គឺបាន បានហើយ យកមកហើយ បានស៊ប់ហើយ បានចំពោះហើយ ដោយធម៌ដ៏ស្មើ ហេតុនោះ (ទ្រង់ត្រាស់ថា) បានហើយ។ ពាក្យថា មិនគប្បីធ្វើនូវការសន្សំទេ គឺមិនគប្បីធ្វើ មិនគប្បីឲ្យកើត មិនគប្បីឲ្យកើតព្រម មិនគប្បីបង្កើត មិនគប្បីបង្កើតចំពោះនូវការសន្សំបាយ ការសន្សំទឹក ការសន្សំសំពត់ ការសន្សំយាន ការសន្សំទីដេក ការសន្សំគ្រឿងក្រអូប ការសន្សំអាមិសៈ ហេតុនោះ (ទ្រង់ត្រាស់ថា) បានហើយ មិនគប្បីធ្វើនូវការសន្សំទេ។