Namo tassa bhagavato arahato sammā-sambuddhassa
"I was a child, with clean clothes, when I first heard the Dhamma. And within me, heedful, was a break-through to the truth. Then I arrived at an enormous dissatisfaction with all sensuality."
Namo tassa bhagavato arahato sammā-sambuddhassa
សុភាកម្មារធីតាថេរីsut.kn.thi.13.05 | book_057
(៥. សុភាកម្មារធីតុថេរីគាថា)
[៣៣៥] កាលពីដើម ខ្ញុំនៅក្រមុំ មានគ្រឿងស្លៀកពាក់ដ៏ស្អាត បានស្ដាប់ធម៌ ការត្រាស់ដឹងសច្ចធម៌ ក៏កើតមានដល់ខ្ញុំនោះ ជាស្រ្តីមិនប្រហែសធ្វេស។ ហេតុនោះ ខ្ញុំមិនត្រេកអរក្រៃពេក ក្នុងកាមារម្មណ៍ទាំងអស់ ឃើញភ័យក្នុងសក្កាយ ហើយពេញចិត្តនឹងការចេញសាងផ្នួសតែម្យ៉ាង។ ខ្ញុំលះបង់ពួកញាតិ ទាសកម្មករ ស្រុកស្រែទាំងឡាយ ដ៏ស្ដុកស្ដម្ភ (និងគំនរនៃភោគទាំងឡាយ) ដែលគួរត្រេកអរ គួររីករាយ ខ្ញុំលះបង់នូវសម្បត្តិដ៏ច្រើន ហើយបួស។ទ. ២០៧ ខ្ញុំចេញ (ចាកផ្ទះ) ដោយសទ្ធាយ៉ាងនេះហើយ (បួស) ក្នុងព្រះសទ្ធម្ម ដែលព្រះសម្មាសម្ពុទ្ធ ត្រាស់សំដែងហើយដោយប្រពៃ ខ្ញុំប្រាថ្នានូវសេចក្ដីមិនកង្វល់ ព្រោះការត្រឡប់មករកកាមនោះ មិនសមគួរដល់ខ្ញុំទេ អ្នកណាលះចោលមាស និងប្រាក់ ហើយគប្បីត្រឡប់មកយកវិញ។ ប្រាក់ក្ដី មាសក្ដីរបស់បុគ្គលនុ៎ះ មិនមែនមានដើម្បីព្រះនិព្វានជាទីស្ងប់ទេ ការទទួលមាស និងប្រាក់នុ៎ះ មិនសមគួរដល់សមណៈទេ ការទទួលនូវប្រាក់ និងមាសនុ៎ះ មិនមែនជាទ្រព្យប្រសើរទេ។ ការទទួលនូវប្រាក់ និងមាសនុ៎ះ សុទ្ធតែជាគ្រឿងឲ្យកើតលោភ ជាគ្រឿងស្រវឹង ជាគ្រឿងវង្វេង ជាគ្រឿងព័ន្ធព័ទ្ធដោយធុលី គឺកិលេស ប្រកបដោយសេចក្ដីរង្កៀស មានសេចក្ដីចង្អៀតចង្អល់ច្រើន សេចក្ដីទៀងទាត់ឋិតថេរក្នុងទ្រព្យនេះ មិនមានទេ។ ពួកនរជន (ដែលត្រេកអរ) ដោយទ្រព្យប៉ុណ្ណេះ ឈ្មោះថាជាអ្នកប្រហែសធ្វេស ជាអ្នកមានចិត្តសៅហ្មង ជាអ្នកអាក់អន់ រមែងធ្វើនូវជំលោះជាច្រើន ទៅវិញទៅមក។ សេចក្ដីវិនាសច្រើនប្រការ គឺការសម្លាប់ ការចង ការសៅហ្មង សេចក្ដីវិនាស សេចក្ដីសោក ខ្សឹកខ្សួល រមែងកើតប្រាកដដល់ពួកជន ដែលដេកត្រាំក្នុងកាមទាំងឡាយ។ អ្នកទាំងឡាយ ជាញាតិមែន តែហាក់ដូចជាសត្រូវ ល្បួងខ្ញុំនោះក្នុងកាមទាំងឡាយធ្វើអ្វី (ព្រោះ) អ្នកទាំងឡាយ ជ្រាបនូវខ្ញុំថាជាអ្នកបួស ជាស្រ្តីឃើញនូវភ័យក្នុងកាមទាំងឡាយ។ទ. ២០៨ អាសវៈទាំងឡាយ មិនមែនអស់ទៅព្រោះប្រាក់ និងមាស កាមទាំងឡាយ មិនមែនជាមិត្រ ជាសភាវៈសម្លាប់ (នូវប្រយោជន៍) ជាសត្រូវ ជាគ្រឿងចងទុកនូវសរ គឺកិលេស។ អ្នកទាំងឡាយ ជាញាតិមែន តែហាក់ដូចជាសត្រូវ ល្បួងខ្ញុំនោះ ក្នុងកាមទាំងឡាយធ្វើអ្វី (ព្រោះ) អ្នកទាំងឡាយ ជ្រាបនូវខ្ញុំ ថាជាអ្នកបួស មានក្បាលត្រងោល ដណ្ដប់នូវសង្ឃាដី។ ដុំបាយតាមលំដាប់ផ្ទះក្ដី អាហារចំណីក្ដី បង្សុកូលចីវរក្ដី នេះឯងជាអំពើដ៏សមគួរដល់ខ្ញុំ ជាបរិក្ខារ ជាទីអាស្រ័យរបស់អ្នកបួស។ លោកអ្នកស្វែងរកនូវគុណដ៏ធំទាំងឡាយ ខ្ជាក់ចោលនូវកាមទាំងឡាយ ដែលជាទិព្វ និងជារបស់មនុស្ស បុគ្គលអ្នកស្វែងរកនូវគុណធំទាំងនោះ មានចិត្តឱនទៅក្នុងព្រះនិពា្វនជាទីដ៏ក្សេម បុគ្គលអ្នកស្វែងរកនូវគុណធំទាំងនោះ បានដល់នូវសេចក្ដីសុខ ឥតកំរើក។ ទីជំរករមែងមិនមាន ក្នុងកាមទាំងឡាយណា ខ្ញុំមិនសេពគប់ដោយកាមទាំងឡាយនោះទៀតទេ កាមទាំងឡាយមិនមែនជាមិត្រ ដូចជាអ្នកសម្លាប់ ឬដូចជាគំនរភ្លើង នាំមកនូវសេចក្ដីព្រួយ។ កាមនោះ មិនស្អាត ប្រកបដោយភ័យ ប្រកបដោយសេចក្ដីចង្អៀតចង្អល់ ដូចជាបន្លា កាមនុ៎ះ ជាគ្រឿងញ៉ាម ជាគ្រឿងកង្វល់ក្រៃលែង មានមុខឈមទៅរកសេចក្ដីវង្វេងដ៏ធំ។ទ. ២០៩ កាមគុណជាឧបសគ្គៈផង មានសភាពគួរខ្លាចផង កាមារម្មណ៍ទាំងឡាយ មានឧបមាដូចក្បាលពស់ ពួកបុថុជ្ជនល្ងង់ខ្លៅ ដូចជាបុគ្គលខ្វាក់ តែងត្រេកត្រអាល។ ព្រោះថា ពួកជនច្រើនរូប ដែលចំពាក់ដោយគ្រឿងចំពាក់ គឺកាម រមែងបាន (សេចក្ដីទុក្ខ) ក្នុងលោក រមែងមិនដឹងច្បាស់នូវទីបំផុតនៃជាតិ និងមរណៈ។ មនុស្សទាំងឡាយជាច្រើន តែងដើរទៅកាន់ផ្លូវ ជាទីទៅកាន់ទុគ្គតិ មានកាមជាហេតុ ជាគ្រឿងនាំមកនូវរោគដល់ខ្លួន។ កាមទាំងឡាយ ជាគ្រឿងញ៉ាំងសត្រូវឲ្យកើតយ៉ាងនេះ ជាហេតុញ៉ាំងសត្វឲ្យក្ដៅក្រហាយ នាំមកនូវសេចក្ដីសៅហ្មង ជានុយរបស់សត្វលោក ជាទីតាំងនៃគ្រឿងចង ជាចំណងនៃសេចក្ដីស្លាប់។ កាមទាំងឡាយ ជាគ្រឿងញ៉ាំងសត្វឲ្យឆ្កួត ឲ្យនិយាយប៉ប៉ាច់ប៉ប៉ោច ញ៉ាំងចិត្តឲ្យភ្លាំងភ្លាត់ មារ គឺកាមរបស់ពួកសត្វ តែងរួបរឹតដោយសេចក្ដីសៅហ្មង យ៉ាងឆាប់រហ័ស។ កាមទាំងឡាយ មានទោសរកទីបំផុតគ្មាន មានទុក្ខច្រើនយ៉ាង មានពិសដ៏ខ្លាំងក្លា មានរសឆ្ងាញ់តិច ជាគ្រឿងធ្វើនូវចម្បាំង ញ៉ាំងចំណែកនៃធម៌ស ឲ្យសាបសូន្យទៅ។ ខ្ញុំនោះ លះបង់នូវសេចក្ដីវិនាស ដែលមានកាមជាហេតុបែបនេះ ត្រេកអរចំពោះព្រះនិព្វានសព្វ ៗ កាល មិនត្រឡប់មកកាន់កាមនោះវិញទេ។ ខ្ញុំជាស្រ្តីប្រាថ្នានូវភាពដ៏ត្រជាក់ (ព្រះអរហត្ត) ធ្វើនូវចម្បាំងចំពោះកាមទាំងឡាយទ. ២១០ ជាអ្នកមិនប្រមាទ ត្រេកអរចំពោះព្រះនិព្វាន ជាទីអស់ទៅនៃសំយោជនៈ។ បុគ្គលអ្នកស្វែងរកនូវគុណដ៏ធំទាំងឡាយ ឆ្លងហើយតាមផ្លូវណា ខ្ញុំនឹងដើរទៅតាមផ្លូវនោះ ជាផ្លូវឥតសោក មានធូលីទៅប្រាសហើយ ជាផ្លូវក្សេមដ៏ត្រង់ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ។
(ព្រះមានព្រះភាគត្រាស់ថា) អ្នកទាំងឡាយ ចូរមើលនូវនាងសុភាកម្មារធីតានេះ ជាស្រ្តីឋិតនៅក្នុងធម៌ នាងបានចូលទៅកាន់ឈាន ឥតមានសេចក្ដីញាប់ញ័រ ហើយស្មឹងស្មាធិទៀបគល់ឈើ។ នាងសុភាកម្មារធីតា បួសបាន ៨ ថ្ងៃនឹងថ្ងៃនេះហើយ ជាភិក្ខុនីមានសទ្ធា ល្អក្នុងព្រះសទ្ធម្ម ដែលនាងឧប្បលវណ្ណាទូន្មានហើយ ជាស្រ្តីមានវិជ្ជា ៣ លះបង់នូវមច្ចុបាន។ ភិក្ខុនីនេះ ជាអ្នកនៅឥតមានបំណុល មានឥន្រ្ទិយចំរើនហើយ។ ប្រាសចាកកិលេសគ្រឿងប្រកបទាំងពួង មានកិច្ចធ្វើរួចហើយ មិនមានអាសវៈ។ ទេវរាជ ឈ្មោះសក្កៈ ជាម្ចាស់នៃពួកសត្វ ព្រមទាំងពួកទេវតា ចូលទៅនមស្ការចំពោះភិក្ខុនី ឈ្មោះសុភាកម្មារធីតានោះ ដោយឫទ្ធិ (របស់ខ្លួន)។
សុភាកម្មារធីតាថេរី។
Aramika